Skip to content

Cali DeWitt | ទិដ្ឋភាពដ៏ច្នៃប្រឌិតរបស់អ្នកបង្កើតនៅទីក្រុង Los Angeles | ទស្សនាវដ្ដី THISTIME | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

កិច្ចសម្ភាសន៍ជាមួយអ្នកបង្កើត

Cali DeWitt

-សិល្បករ-

ពាក្យដែលចាក់ដោតអារម្មណ៍
រូបភាពដែលបង្កប់អត្ថន័យ

Cali DeWitt ដែលជាសិល្បករប្រើរូបភាពច្រើន​ដែលរស់នៅទីក្រុង Los Angeles បង្កើតស្នាដៃដែលល្បងប្រជែង​អ្នកមើល
ដោយរួមបញ្ចូលរូបភាព និងពាក្យពេចន៍ ដើម្បីជំរុញការគិត និងល្បងប្រជែង​ទស្សនៈ​យល់ឃើញ។
ក្រៅពី​វិស័យ​សិល្បៈ លោក​ក៏​បាន​សហការ​ជាមួយ​តន្ត្រីករ និង​ម៉ាក​ម៉ូតសម្លៀកបំពាក់ផង​ដែរ។
នៅក្នុងស្នាដៃនេះ យើងស្វែងយល់ពី​ភាពច្នៃប្រឌិតរបស់ DeWitt តាមរយៈសិល្បៈរូបផ្គុំដែលគាត់បានបង្កើតឡើងដោយបំផុសគំនិតដោយ DW-6900។

សម្ភាសន៍

ការរស់នៅដោយមិនភ័យខ្លាចពីសិទ្ធិសេរីភាព

ស្ទូឌីយ៉ូរបស់ Cali DeWitt មានទីតាំងនៅ West Adams ដែលជាតំបន់ដ៏សម្បូរបែបដែលមានហាងកាហ្វេ និងភោជនីយដ្ឋានថ្មីៗកំពុងបើកដំណើរការ ដែលអាចទាក់ទាញសិល្បករ និងអ្នកបង្កើតផ្សេងៗ។ យើងបានទៅទស្សនាស្ទូឌីយ៉ូរបស់គាត់ដែលពោរពេញដោយឧបករណ៍ ស្នាដៃសិល្បៈផ្ទាល់ខ្លួនរបស់គាត់ ថាសចម្រៀង និងខ្សែអាត់កាសែត ដែលបង្ហាញចក្ខុវិស័យលើគំនិតច្នៃប្រឌិតរបស់គាត់ នៅពេលដែលយើងបាននិយាយជាមួយគាត់អំពីការងាររបស់គាត់។

 

――តើអ្វីទៅជាមូលបទ ឬគោលគំនិតនៅពីក្រោយការងាររបស់អ្នក?

ការងាររបស់ខ្ញុំតែងតែជាមូលបទដូចគ្នា ទាក់ទងនឹងការប្រែក្លាយ​ការគិតដោយសេរីទៅជាឧក្រិដ្ឋកម្ម ការប្រែក្លាយការរស់នៅក្រៅសង្គមដែលបានទទួលយកទៅជាឧក្រិដ្ឋកម្ម។

 

――តើអ្វីដែលជំរុញទឹកចិត្តឱ្យអ្នកបន្តការងារសិល្បៈ?

វា​គឺ​ជា​ដំណើរ​វិវឌ្ឍន៍​តាមធម្មជាតិ។ ការធំពេញវ័យ និងការក្លាយជាផ្នែកមួយនៃគ្រួសារដែលមានចិត្តទូលាយមិនប្រកាន់ច្រើន វាពុំមែនជាការសម្រេចចិត្តទេ តែជាអ្វីដែលខ្ញុំបានធ្វើ។

 

――ហេតុអ្វីបានជាអ្នកជ្រើសរើសសិល្បៈជាមធ្យោបាយនៃការបង្ហាញអារម្មណ៍របស់អ្នក? តើមានអ្វីជាក់លាក់ដែលអ្នកចង់ភ្ជាប់ទំនាក់ទំនង ឬសម្រេចបានតាមរយៈសិល្បៈមែនទេ?

ខ្ញុំយល់ឃើញថា​សិល្បៈគឺជាការប្រាស្រ័យទាក់ទងគ្នា។ ខ្ញុំចង់ស្វែងរកមនុស្សដែលមានគំនិតដូចគ្នា ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺខ្ញុំធ្វើវាដើម្បីភាពសប្បាយរីករាយ ដើម្បីធ្វើឱ្យខ្លួនខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំសប្បាយចិត្ត។ ប្រសិនបើខ្ញុំជាអ្នកចម្រៀងដែលមានទេពកោសល្យស្រាប់ ខ្ញុំប្រហែលជាធ្វើជាអ្នកចម្រៀងវិញហើយ ប៉ុន្តែសិល្បៈមួយនេះធ្វើឱ្យខ្ញុំមានអារម្មណ៍បែបធម្មជាតិ និងរីករាយ។

 

――តើនៅពេលណាដែលអ្នកចាប់ផ្ដើមរួមបញ្ចូលគ្នារវាងក្រាហ្វិក និងអក្សរនៅក្នុងស្នាដៃ​របស់អ្នក?

ខ្ញុំគិតថា ខ្ញុំតែងតែធ្វើវាស្រាប់ទៅហើយ។ ខ្ញុំធំឡើងមកដោយការប្រមូលខិត្តប័ណ្ណតន្ត្រី punk ដែលជាសិល្បៈសម្រាប់ខ្ញុំនាពេលនោះ។ ខិត្តប័ណ្ណទាំងនោះមានទាំងរូបភាព និងពាក្យនៅលើនោះ។ វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដោយ​គិតទុកជាមុនទេ តែ​ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់។

 

―― ស្នាដៃជាច្រើនរបស់អ្នកមានទាំងក្រាហ្វិក និងអក្សរដែលហាក់ដូចជាមិនពាក់ព័ន្ធគ្នាបន្តិចសោះនៅពេលមើលតែមួយភ្លែតដំបូង។ ឧទាហរណ៍ ដាក់រូបផ្កាមួយជាមួយពាក្យ “ដំណឹងអាក្រក់” ឬដាក់រូបសត្វឆ្កែមួយជាមួយពាក្យ “វត្ថុប្រណីត”។ តើអ្នកនឹកឃើញគំនិតរួមបញ្ចូលគ្នាទាំងនេះដោយរបៀបណា?

វា​គ្រាន់​តែ​ជា​ការផ្គុំរូបចូល​គ្នា​បែប​កំប្លែងប៉ុណ្ណោះ។ យើងទទួលបានការវាយ​ប្រហារ​តាមពាក្យសម្ដី​ដោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពេញ​មួយ​ថ្ងៃ។ ចំពោះខ្ញុំ ស្នាដៃ​ទាំងនេះស្រដៀងនឹងការផ្សាយពាណិជ្ជកម្មដែរ ប៉ុន្តែពួកគេកំពុងលក់អ្វីដែលប្លែកហើយមើលទៅ។

 

―― ជាធម្មតា តើអ្នកស្វែងរករូបភាពសម្រាប់ស្នាដៃសិល្បៈរបស់អ្នកដោយរបៀបណា? នៅពេលអ្នកដាក់រូបភាពទាំងនោះជាមួយអក្សរ តើអ្វីជាកត្តាដែលណែនាំដល់ដំណើរការជ្រើសរើសពាក្យរបស់អ្នកឱ្យបានសមស្រប?

រូបភាពមានអត្ថន័យ​ទៅតាមលក្ខណៈធម្មជាតិ ​ហើយ​អក្សរក៏ដូចគ្នា​ដែរ។ ខ្ញុំតែងតែរក្សាទុក/ស្កេនរូបភាព ហើយក៏កត់ចំណាំអក្សរ/កត់ត្រា នៅពេលខ្ញុំនឹកឃើញ។ ខ្ញុំ​មិន​ចាំ​បាច់ត្រូវ​តែដឹង​ថាពេលណាដែល​វា​អាច​ប្រើ​សម្រាប់​អ្វី​នោះ​ទេ គ្រាន់​តែ​ខ្ញុំ​ចូល​ចិត្ត​វា​តែប៉ុណ្ណោះ។

 

―― កាលពីឆ្នាំមុន អ្នកបានតាំងបង្ហាញស្នាដៃថ្មីនៅ Komiyama Shoten និង Big Love Records នៅទីក្រុងតូក្យូ ដែលស្នាដៃទាំងពីរនេះបង្ហាញពីមូល​បទដ៏គួរឱ្យទាក់ទាញ។ តើអ្វីដែលនាំអ្នកឱ្យធ្វើការទាក់ទងនឹងប្រធានបទទាំងនេះ?

ខ្ញុំតែងតែចាប់អារម្មណ៍លើប្រធានបទដែលមានលក្ខណៈជាអាថ៌កំបាំង និងមានឯកជនភាព។ ខ្ញុំជឿជាក់លើឯកជនភាព និងអាថ៌កំបាំង។ ការបំផុសគំនិតដំបូងបានមកពីច្បាប់ត្រួតពិនិត្យការផ្សព្វផ្សាយក្នុងប្រទេសជប៉ុន និងជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះសេរីភាពទាំងស្រុង។

 

――តើអ្នកមានផ្នត់គំនិតអ្វី នៅពេលបង្កើតស្នាដៃសិល្បៈ?

ល្អបំផុត ​វាគ្រាន់តែមានអារម្មណ៍ដូចជា ការដើរលេងជាមួយមិត្តភក្តិ និងក្រុមគ្រួសារអីចឹង។ អ្នកគួរតែមានអារម្មណ៍ធូរស្រាល និងរីករាយ។ វត្ថុនេះមិនគួរជារឿងធ្វើឱ្យអារម្មណ៍តានតឹងទេ។

 

―― តើអ្នកឧស្សាហ៍រកឃើញការបំផុសគំនិតក្នុងជីវិតប្រចាំថ្ងៃដែរឬទេ?

ពិតប្រាកដណាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំជិះកង់ទៅកន្លែងឆ្ងាយតាមដែលខ្ញុំអាចធ្វើបាន ដោយធ្វើដំណើរក្នុងទីក្រុង និងស្វែងរកការបំផុសគំនិត។ មិន​ថា​ខ្ញុំ​នៅ​ទីក្រុង​ណា​ទេ ការ​បំផុស​គំនិត​មាន​គ្រប់​ទីកន្លែង។ ប៉ុន្តែភាគច្រើនគឺនៅផ្ទះ។

រូបថត Cali DeWitt ពាក់នាឡិកា G-SHOCK
រូបថតស្នាដៃសិល្បៈ
រូបថតកន្លែងដែល DeWitt បង្កើតស្នាដៃសិល្បៈរបស់គាត់ ត្រូវបានបំពេញ

កន្លែងដែល DeWitt បង្កើតស្នាដៃសិល្បៈរបស់គាត់ ត្រូវបានបំពេញដោយឧបករណ៍ ស្នាដៃផ្ទាល់ខ្លួនរបស់គាត់ ម៉ាស៊ីនបង្ហាប់ដោយកម្ដៅ និងសំណាញ់រន្ធតូច​ដែលប្រើសម្រាប់ផលិតសម្លៀកបំពាក់។

រូបថតលោក Max ដែលជាសមាជិកម្នាក់របស់ហាង Cactus។
រូបថតកន្លែងដែល DeWitt បង្កើតស្នាដៃសិល្បៈរបស់គាត់ ត្រូវបានបំពេញ

កន្លែងដែល DeWitt បង្កើតស្នាដៃសិល្បៈរបស់គាត់ ត្រូវបានបំពេញដោយឧបករណ៍ ស្នាដៃផ្ទាល់ខ្លួនរបស់គាត់ ម៉ាស៊ីនបង្ហាប់ដោយកម្ដៅ និងសំណាញ់រន្ធតូច​ដែលប្រើសម្រាប់ផលិតសម្លៀកបំពាក់។

――តើអ្នកចូលចិត្តពេលណាជាងគេ?

ប្រហែលជាម៉ោង 6 ព្រឹក មុនពេលគ្រប់គ្នាភ្ញាក់ពីដំណេក។ ខ្ញុំអង្គុយផឹកកាហ្វេ និងរៀបចំផែនការសម្រាប់ថ្ងៃរបស់ខ្ញុំ។ ខ្ញុំចូលចិត្ត​ថ្ងៃរះ។ នោះហើយជាមូលហេតុដែលខ្ញុំចូលគេងពីព្រលប់ ប្រហែលម៉ោង 9 យប់។

 

―― តើអ្នកមានកន្លែងដែលអ្នកចូលចិត្តនៅក្នុងស្ទូឌីយ៉ូរបស់អ្នកដែរឬទេ?

ខ្ញុំចូលចិត្តអង្គុយក្បែរថាសចម្រៀង។ មានថាសចម្រៀងថ្មីជានិច្ច ប្រហែលជាកន្លែងដែលខ្ញុំអង្គុយច្រើនបំផុត ក្នុងការ​ស្ដាប់តន្ត្រីថ្មី។

 

―― តើអ្នកអាចប្រាប់ពី​ថាសចម្រៀងពីរបីដែលអ្នកចូលចិត្តស្ដាប់នាពេលថ្មីៗនេះបានដែរឬទេ? តើ​មាន​បទ​ចាស់ៗ​ណា​ដែល​អ្នកបានចូលចិត្ត​តាំងពីយូរឆ្នាំមកហើយ ឬ​បទ​ចម្រៀង​ដែល​អ្នក​ឧស្សាហ៍ស្ដាប់ ពេល​បង្កើត​ស្នាដៃសិល្បៈដែរឬទេ?

ការបង្ហាញសាកល្បង Enceladus ថ្មីពិតជាអស្ចារ្យណាស់។ អ្វីៗរបស់ Loosey ទាំងអស់គឺល្អ។ ខ្ញុំទន្ទឹងរង់ចាំអាល់ប៊ុម Loosey រហូត។ សម្រាប់ Arbor LP ថ្មី​នេះពិតជាល្អ។ ខ្ញុំព្យាយាមមិនចំណាយពេលច្រើនក្នុងការស្ដាប់បទចាស់ៗនោះទេ ព្រោះខ្ញុំគិតថា អារម្មណ៍ខ្ញុំងាយនឹង​អណ្ដែងអណ្ដូងខ្លាំងពេក។

 

―― តើមានឧបករណ៍ ឬសម្ភារៈណាមួយដែលអ្នកចូលចិត្តប្រើនៅពេលបង្កើតស្នាដៃររបស់អ្នកដែរឬទេ?

ខ្ញុំតែងតែប្រើឡាម រូបភាព និងស្កុត។ សម្ភារៈទាំងនេះតែងតែដាក់នៅជាប់ខ្លួនជានិច្ច ហើយខ្ញុំបានប្រើពួកវានៅក្នុងស្នាដៃនេះផងដែរ។

រូបថត Cali DeWitt ពាក់នាឡិកា G-SHOCK

―― អ្នកបានទៅទស្សនាទីក្រុងតូក្យូជាច្រើនដង។ តើអ្វីជាការភ្ជាប់ទំនាក់ទំនងដំបូងរបស់អ្នកទៅនឹងទីក្រុងមួយនេះ? តើអ្វីដែលធ្វើឱ្យអ្នកនៅតែចង់បន្តត្រឡប់មកវិញ?

ខ្ញុំតែងតែចង់ទៅទស្សនាប្រទេសជប៉ុន។ ក្នុងឆ្នាំ 2013 ខ្ញុំទទួលបានការអញ្ជើញពី Big Love Records នៅ Harajuku សម្រាប់ការតាំងពិពណ៌ និងព្រឹត្តិការណ៍មួយ។ ក្នុងចំណោមទីក្រុង និងប្រទេសទាំងអស់ដែលខ្ញុំបានទៅ ប្រទេសជប៉ុនគឺជាកន្លែងដំបូងគេ ហើយនៅតែជាកន្លែងតែមួយគត់ដែលខ្ញុំគិតថា ខ្ញុំអាចរស់នៅទីនេះបាន។ ខ្ញុំ​មិន​មាន​អារម្មណ៍​បែប​នេះ​នៅ​កន្លែង​ណា​ផ្សេង​ក្រៅ​ពី LA ទេ។ តាំងពីការធ្វើដំណើរដំបូងនោះមក គោលដៅរបស់ខ្ញុំគឺបន្តត្រឡប់មកវិញ ហើយឥឡូវនេះខ្ញុំទៅលេងស្ទើរតែរៀងរាល់ខែ។ ទោះបីជាខ្ញុំទៅទីនោះច្រើនដងក៏ដោយ ខ្ញុំមានអារម្មណ៍​រំភើបចិត្តក្នុងការត្រឡប់មកវិញជានិច្ច។ ខ្ញុំ​បាន​បង្កើត​មិត្តភាព និង​មាន​អ្វី​ដែល​ថ្មី​ ដើម្បីសិក្សាស្រាវជ្រាវជានិច្ច។ នៅខាងក្រៅកន្លែងទេសចរណ៍បែបធម្មតា មានរឿងអស្ចារ្យជាច្រើនបានកើតឡើង។ វានៅតែជាកន្លែងរុករកអ្វីៗដែលថ្មី​សម្រាប់ខ្ញុំ។

 

―― សូមប្រាប់យើងអំពីស្នាដៃសិល្បៈដែលអ្នកបានបង្កើតសម្រាប់ G-SHOCK។

G-SHOCK គឺជាម៉ាកបេតិកភណ្ឌ។ ម៉ាកដ៏បុរាណ និងមានប្រវត្តិយូរអង្វែង ដែលតែងតែបន្តរក្សាលក្ខណៈ​ដើមរបស់ខ្លួន។ ប្រសិនបើមានការភ្ជាប់ទាក់ទង ក៏ប្រហែលជាយើងទាំងពីរមានអាយុកាលយូរមកហើយ និងធ្វើតាមអ្វីដែលយើងចង់បាន។ G-SHOCK នៅតែជា G-SHOCK ដែលគួរជាទីគោរព។ ខ្ញុំបានបង្កើតស្នាដៃរូបផ្គុំអំពីភាពរឹងមាំរបស់ G-SHOCK។ នាឡិកានេះមានការទទួលស្គាល់ទូទាំងពិភពលោកថា ជាវត្ថុដែលប្រើជាប់បានយូរ ដូច្នេះខ្ញុំបានជ្រើសរើសពាក្យទាក់ទងនឹងមូលបទនោះ។ រូបផ្គុំដែលមានរចនាបថបែបខិត្តប័ណ្ណរួមមាន ឃ្លាដូចជា Indestructible, Blast Proof និង Time Waits for No Man ដោយសង្កត់ធ្ងន់ថា គ្មានអ្វីដែលមានតម្លៃជាងពេលវេលានោះទេ។

រូបថតផ្ទាំងគំនូរជាច្រើនដែលព្យួរនៅលើជញ្ជាំង
រូបថតបន្ទប់

កន្លែងទទួលភ្ញៀវមានបណ្ដុំសិល្បៈផ្ទាល់ខ្លួនរបស់ DeWitt រួមទាំង​ស្នាដៃរបស់ Raymond Pettibon, Alexis Ross និង Namio Harukawa ទាំងអស់ត្រូវបានបង្ហាញនៅកន្លែងដែលពោរពេញទៅដោយការបំផុសគំនិត។

រូបថតកន្លែងសំណព្វចិត្តរបស់ DeWitt នៅក្នុងស្ទូឌីយ៉ូរបស់គាត់

កន្លែងសំណព្វរបស់ DeWitt នៅក្នុងស្ទូឌីយ៉ូរបស់គាត់ គឺជាជ្រុង​មួយដែលពោរពេញទៅដោយថាសចម្រៀង ផ្ទាំងរូបភាព វត្ថុកម្សាន្ត និងរូបចម្លាក់—វត្ថុចេញពីឥទ្ធិពលវប្បធម៌ដែលគាត់ចូលចិត្ត។ សាឡុងដែលគាត់អង្គុយ គឺជាស្នាដៃដំបូងរបស់អ្នករចនា Darren Romanelli ដែលត្រូវបានគេស្គាល់ថាជាគ្រឿងសង្ហារិមកែច្នៃឡើងវិញ។

រូបថត DeWitt កំពុងតម្រៀបខ្សែអាត់កាសែតឱ្យមានរបៀបរៀបរយ

ឆាប់ៗនេះ គាត់នឹងផ្លាស់ទៅស្ទូឌីយ៉ូថ្មី ហើយនៅថ្ងៃសម្ភាសន៍ DeWitt កំពុងរៀបចំខ្សែអាត់កាសែត។

ការថតរូប។ Yusei Kanda
អត្ថបទ&សម្ភាសន៍  Takayasu Yamada _THOUSAND

ប្រវត្តិរូប។

Cali DeWitt

Cali DeWitt ជាសិល្បករជនជាតិកាណាដាដែលរស់នៅទីក្រុង Los Angeles មានភាពល្បីល្បាញ ដោយសារស្នាដៃរបស់គាត់ដែលមានឫសគល់នៅក្នុងវប្បធម៌ក្រោមដី ដោយលាយបញ្ចូលរូបភាព និងអក្សរ ដើម្បីបង្កើតចំណាប់អារម្មណ៍គួរឱ្យទាក់ទាញ។ នៅឆ្នាំ 2024 គាត់បានរៀបចំពិធីតាំងពិពណ៌ទោលនៅសាលរូបភាពដែលដំណើរការដោយ Komiyama Shoten ក្នុងទីក្រុងតូក្យូ ដោយពង្រឹងចក្ខុវិស័យរឹងមាំរបស់គាត់មិនត្រឹមតែនៅទីក្រុង Los Angeles ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសជប៉ុនផងដែរ។

Instagram។ @caramelbobby

 ទស្សនាវដ្ដី THISTIME

ទស្សនាវដ្ដី THISTIME

ឈុតឆាកច្នៃប្រឌិតរបស់អ្នកបង្កើតនៅទីក្រុងឡូសអាន់ជេលេស

Select a location