
អ្នករចនា N.HOOLYWOOD
ទស្សនៈបែបចា់ស់ទុំអំពីនាឡិកា G-SHOCK
នាឡិកា G-SHOCK ផ្តល់នូវគុណតម្លៃខ្ពស់លើភាពរឺងមាំ
ការរចនាសាមញ្ញដ៏មានប្រយោជន៍
ដែលមានរចនាប័ទ្មទាន់សម័យ
និងប្រវត្តិសាស្រ្តដ៏សម្បូរបែបដែលបានកសាងឡើងជាង 40 ឆ្នាំ។
ខណៈពេលដែលគាំទ្រដល់វប្បធម៌យុវជន រួមទាំងការជិះស្គី
នាឡិកា G-SHOCK ក៏បំពេញតម្រូវការមនុស្សពេញវ័យផងដែរ។
ពេលមនុស្សកាន់តែចម្រើនវ័យ និងមានការយល់ឃើញចាស់ទុំ
នោះនាឡិកា G-SHOCK ជាជម្រើសគួរជាទីពេញចិត្ត។
យើងសន្ទនាជាមួយលោក Daisuke Obana នៃម៉ាក N.HOOLYWOOD
ដែលបានសហការជាមួយ G-SHOCK តាំងពីឆ្នាំ 2014 មកម៉្លេះ
ដើម្បីពិភាក្សាអំពីការទាក់ទាញរបស់ម៉ាកពីទស្សនៈបែបចា់ស់ទុំ។
សម្ភាសន៍
ឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ

“នៅដើមទសវត្សរ៍ឆ្នាំ 1990 អនុស្សាវរីយ៍ដំបូងរបស់ខ្ញុំពាក់ព័ន្ធនឹងនាឡិកា G-SHOCK គឺនៅពេលដែលវាត្រូវបានដាក់លក់តាមរយៈការនាំចូលស្របគ្នានៅក្នុងហាងមួយនៅទីក្រុង Machida ដែលជាកន្លែងដែលខ្ញុំធ្វើការក្រៅម៉ោង។ ម៉ូដែលពណ៌លឿងពីស៊េរី 5000 មានលក់តែនៅបរទេសប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជានាឡិកាដែលមានតម្រូវការខ្ពស់ខ្លាំង ហើយត្រូវបានលក់អស់បន្ទាប់ពីដាក់តាំងបង្ហាញ។ វាជារឿងគួរឱ្យកត់សម្គាល់ខ្លាំងមួយ។ បន្ទាប់ពីព្រឹត្តិការណ៍នោះមក ខ្ញុំចាប់ផ្ដើមធ្វើការនៅហាងលក់សម្លៀកបំពាក់បុរាណមួយ ប៉ុន្តែនៅពេលនោះ ឧស្សាហកម្មនេះនិយមនាឡិកាប្រណិតលំដាប់ខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចូលចិត្តនាឡិកាឌីជីថលដែលនាំចូលត្រលប់មកវិញរបស់ CASIO ហើយពាក់ប្ដូរម៉ូតជារៀងរាល់ថ្ងៃ។ ដូច្នេះ នៅពេលដែលខ្ញុំទទួលបានឱកាសសហការជាមួយ G-SHOCK ខ្ញុំពិតជារំភើប និងចង់ចូលរួម” លោក Daisuke Obana ប្រាប់ពីបទពិសោធរបស់គាត់ជាមួយនាឡិកា G-SHOCK។
ក្នុងនាមជាអ្នករចនាម៉ាក N.HOOLYWOOD គាត់បានចូលរួមយ៉ាងសកម្មនៅលើឆាកអន្ដរជាតិ ដោយបង្កើតម៉ូដែលកិច្ចសហការថ្មីៗរៀងរាល់រដូវកាលចាប់តាំងពីឆ្នាំ 2014 មក។ កិច្ចសហការរបស់គាត់បានចាក់ឫសក្នុងចក្ខុវិស័យច្បាស់លាស់មួយ ដើម្បីបង្ហាញពីចំណេះដឹងជ្រៅជ្រះ និងក្ដីប្រាថ្នារបស់គាត់ចំពោះសោភណភាពយោធាអាមេរិកតាមរយៈនាឡិកា G-SHOCK។ “ខ្ញុំមានអារម្មណ៍សង្វេគ និងការមិនអាចជៀសបានរវាងសម្ភារៈយោធាដែលខ្ញុំប្រមូល និងនាឡិកា G-SHOCK ដែលត្រូវបានគេទទួលស្គាល់ពីភាពធន់ និងត្រូវបានប្រើប្រាស់ក្នុងមជ្ឈដ្ឋានដ៏លំបាកៗនៅទូទាំងពិភពលោក។ រឿងរ៉ាវនេះបានជំរុញឱ្យមានកិច្ចសហការរបស់យើង។ ដើមឡើយ នាឡិកាត្រូវបានប្រើជាចម្បងសម្រាប់ប្រាប់ពីពេលវេលា ហើយគុណតម្លៃរបស់វាបានវិវឌ្ឍតាមរយៈការលម្អនានា។ ខ្ញុំបានផ្តោតលើខ្លឹមសារស្នូលរបស់ G-SHOCK ពោលគឺភាពធន់រឹងមាំរបស់វា ហើយមានបំណងកំណត់នាឡិកាដៃនេះថាជា ‘ឧបករណ៍’ ដោយសង្កត់ធ្ងន់លើ ‘ភាពស្រស់ស្អាតដែលកើតចេញពីមុខងារ’ នៅក្នុងម៉ូដែលនីមួយៗដែលខ្ញុំបានបង្កើត។ ខ្ញុំក៏ខិតខំរក្សានូវបទប្បញ្ញត្តិដ៏រឹងមាំមួយ ដើម្បីទប់ស្កាត់ភាពមិនស៊ីគ្នានៃការរចនាផងដែរ។ ដូច្នេះហើយ ម៉ូដែលមួយចំនួនអាចមានការផ្លាស់ប្ដូរតិចតួចនៅរដូវកាលនីមួយៗ ដែលធ្វើឱ្យអ្នកពិបាកបែងចែក ប្រសិនបើអ្នកមិនមើលឱ្យលម្អិតទេ។ បម្រែបម្រួលពណ៌តាមរដូវកាលក៏មានផងដែរ ប៉ុន្តែខ្ញុំប្រើតែពណ៌ដែលកើតចេញពីលក្ខណៈពិសេសប៉ុណ្ណោះ។ ប្រសិនបើយើងមិនឆ្លើយតបយ៉ាងពិតប្រាកដចំពោះខ្លឹមសាររបស់នាឡិកា G-SHOCK ទេ នោះផលិតផលនេះនឹងបាត់បង់គុណភាព។ រូបរាងនេះត្រូវបានបង្ហាញនៅលើលេខម៉ូដែល ដែលចាប់ផ្តើមពីអក្សរ A ដល់អក្សរ J នៅឆ្នាំនេះ។ ការកំណត់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចសហការគឺជារឿងកម្រណាស់។ នេះជាផលិតផលពិតប្រាកដដែលកើតចេញពីសេចក្តីប្រាថ្នា គំនិត និងអត្តសញ្ញាណរបស់ខ្ញុំ”។ ឫសគល់ និងភាពរឹងមាំដែលមាននៅក្នុងការរចនាដ៏ល្អប្រណិតរបស់លោក Obana ទទួលបានការនិយមខ្លាំងនៅរៀងរាល់ឆ្នាំ ដោយសារការនិទានរឿងបែបទំនើបរបស់វា។

លោក Obana ពាក់ម៉ូដែលកិច្ចសហការចុងក្រោយបំផុតដែលរចនាជាមួយនឹងការរៀបចំពណ៌កាគីបែបកីឡា។ ខណៈពេលដែលនាឡិកា G-SHOCK ស័ក្ដិសមជាមួយនឹងអ្វីៗគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់អ្នកជំនួញរហូតដល់សម្លៀកបំពាក់តាមដងផ្លូវធម្មតា នាឡិកានេះគឺល្អឥតខ្ចោះសម្រាប់ការស្លៀកពាក់បែបយោធា។
ក្នុងនាមជាអ្នកចូលចិត្តនាឡិកា លោក Obana ប្រមូលនាឡិកាដៃជាច្រើន រួមទាំងនាឡិកាម៉ាកល្បីៗផងដែរ។ ដូច្នេះ តើពេលណាទើបគាត់ជ្រើសរើសពាក់នាឡិកា G-SHOCK? “ខ្ញុំពាក់វាជានិច្ចនៅពេលខ្ញុំធ្វើដំណើរទៅក្រៅប្រទេស។ ពិតណាស់ ខ្ញុំអាចមើលម៉ោងនៅលើទូរសព្ទឆ្លាតវៃរបស់ខ្ញុំ ប៉ុន្តែបើខ្ញុំប្រើទូរសព្ទមើល GPS ឬដាក់ក្នុងហោប៉ៅ នោះខ្ញុំមិនអាចមើលម៉ោងបានភ្លាមៗទេ។ ប៉ុន្តែជាមួយនាឡិកា G-SHOCK ខ្ញុំអាចមើលម៉ោងបានយ៉ាងរហ័សដោយគ្រាន់តែមើលកដៃរបស់ខ្ញុំ។ ខ្ញុំថែមទាំងអាចបន្តពាក់វានៅឆ្នេរសមុទ្រដោយមិនបាច់បារម្ភពីការខូចឡើយ។ ម្យ៉ាងវិញទៀត ខ្ញុំមិនបាច់ខ្វល់ខ្វាយខ្លាំងពេកថាវាកោសឆ្កូត ឬកខ្វក់ឡើយ។ នៅក្នុងប្រទេសដែលសម្បូររឿងឧក្រិដ្ឋកម្ម ការពាក់នាឡិកាប្រណិតអាចធ្វើឱ្យខ្ញុំប្រឈមនឹងឧក្រិដ្ឋកម្ម ឬចោរកម្ម ប៉ុន្តែជាមួយនាឡិកា G-SHOCK ខ្ញុំមិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេ។ ឬនិយាយម្យ៉ាងទៀតថា វាជាទ្រព្យសម្បត្តិប្រឆាំងនឹងចោរកម្មកម្រិតខ្ពស់ (សើច)។ អ្នកអាចពាក់វានៅក្នុងបន្ទប់សូណាដែលគ្មាននាឡិកា ដែលជានិន្នាការបច្ចុប្បន្ន។ នាឡិកា G-SHOCK ក្លាយជាវត្ថុដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃជាជាងពេលវេលាដ៏សំខាន់នានា។ ខ្ញុំគិតថានាឡិកានេះមានតួនាទីសំខាន់ណាស់ ហើយផ្តល់នូវគុណតម្លៃពិសេស”។ មិនថានៅក្នុងស្ថានភាពណានោះទេ នាឡិកា G-SHOCK បង្ហាញពេលវេលាបានយ៉ាងត្រឹមត្រូវដោយមិនទាមទារការថែទាំពិសេសអ្វីឡើយ ហើយថែមទាំងផ្តល់នូវអត្ថន័យសម្រាប់ការពាក់វាផងដែរ។ សម្រាប់លោក Obana សារៈសំខាន់នេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិនៃការស្លៀកពាក់បែបយោធា និងការកោតសរសើរដ៏យូរអង្វែងរបស់គាត់ចំពោះនាឡិកា G-SHOCK ដែលមានតាំងពីដើមទសវត្សរ៍ឆ្នាំ 1990 មកម៉្លេះ។ គាត់ជឿថាការមានហេតុផល ឬសារៈសំខាន់មួយសម្រាប់ការពាក់នាឡិកា គឺជាផ្នែកមួយនៃរបៀបដែលមនុស្សពេញវ័យពាក់នាឡិកាប្រកបដោយភាពទាន់សម័យ។ គាត់ក៏បញ្ចេញយោបល់លើម៉ូតតាមទស្សនៈរបស់មនុស្សពេញវ័យផងដែរថា៖ “ពេលខ្លះនាឡិកាផ្ដល់នូវអារម្មណ៍លេចធ្លោពេកក្នុងបរិបទមួយចំនួន ប៉ុន្តែនាឡិកា G-SHOCK មិនមានទេ។ ឧទាហរណ៍ បើខ្ញុំពាក់ឈុតសម្លៀកបំពាក់ធម្មតានៅលើយន្តហោះ ខ្ញុំមានអារម្មណ៍ថាការពាក់នាឡិកាប្រណិតនៅលើកដៃហាក់ដូចជាមិនសមសោះ។ ប៉ុន្តែជាមួយនាឡិកា G-SHOCK នោះមិនមែនជាបញ្ហាទេ។ ពេលខ្លះវាថែមទាំងអាចបង្ហាញពីភាពឆើតឆាយ និងរឹងមាំ”។
ជាមួយនឹងការវិវឌ្ឍនៃម៉ូតតាមដងផ្លូវ និងភាពជឿនលឿននៃសម្ភារៈដ៏មានប្រយោជន៍ នាឡិកា G-SHOCK មានភាពចម្រុះកាន់តែខ្លាំងឡើងដែលបំពេញបន្ថែមនូវរចនាប័ទ្មសម្លៀកបំពាក់យ៉ាងទូលំទូលាយ។ “កាលពីមុន ខ្ញុំគិតថាវាជានាឡិកាដែលពិបាកក្នុងការពាក់ជាមួយម៉ូតសម្លៀកបំពាក់ណាស់ ប៉ុន្តែពេលវេលាបានកន្លងផុតទៅ និងជាមួយនឹងការចេញម៉ូដែលមិនធម្មតាម្តងម្កាល ខ្ញុំជឿថាវាបានកំណត់ទីតាំងរបស់ខ្លួនជាសម្ភារៈម៉ូតតាមរយៈការសាកល្បង និងកំហុស។ ចាប់តាំងពីស៊េរី 5000 ដំបូងមក នាឡិកា G-SHOCK តែងតែឆ្ពោះទៅមុខ ដោយបញ្ចេញម៉ូដែលដែលមានស្មារតីប្រកួតប្រជែង។ ម៉ូដែលមួយចំនួនដែលមិនសូវពេញនិយមពីដំបូងបានក្លាយជានាឡិកាកម្រ និងមានតម្រូវការខ្ពស់។ លក្ខណៈទាក់ទាញរបស់នាឡិកា G-SHOCK កើតចេញពីការធានា និងប្រវត្តិដ៏រឹងមាំរបស់វា”។
ដោយបន្តទទួលយកបញ្ហាប្រឈម G-SHOCK បានវិវឌ្ឍទៅជាម៉ាកយីហោដែលមនុស្សពេញវ័យចូលចិត្ត។ “ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនគឺជាភស្តុតាង។ ក្នុងនាមជានាឡិកាដ៏រឹងមាំដែលប្រើប្រាស់ជាប្រចាំថ្ងៃ វានៅតែបន្តចូលរួមជាមួយវប្បធម៌យុវវ័យ ខណៈពេលដែលត្រូវបានកោតសរសើរដោយអ្នកចូលចិត្តផលិតផលស្រទាប់មួយផ្សេងទៀត ដូចជាអ្នកអ្នកជំនាញខាងផលិតផលសម្រាប់មនុស្សពេញវ័យជាដើម។ ក្នុងន័យមួយ នោះជាវិធីសាស្រ្តកសាងម៉ាកយីហោដែលខ្ញុំកោតសរសើរ។ N.HOOLYWOOD មិនមែនជាម៉ាកយីហោលំដាប់ខ្ពស់ទេ ហើយក៏មិនមានគុណតម្លៃលម្អខ្ពស់ដែរ។ ខ្ញុំចង់ផ្តល់សម្លៀកបំពាក់ដែលស័ក្ដិសមនឹងជីវិតប្រចាំថ្ងៃ។ គេតែងប្រាប់ខ្ញុំថា សម្លៀកបំពាក់ងាយស្រួលរកពាក់ទេ ព្រោះវាមិនមានឡូហ្គោ ដែលខ្ញុំចាត់ទុកថាជាការសរសើរខ្ពស់បំផុត។ នាឡិកា G-SHOCK ហាក់ដូចជាកំពុងរីកចម្រើនក្នងល្បឿនស្រដៀងគ្នានេះ ដែលធ្វើឱ្យវាមានភាពពាក់ព័ន្ធ។ ទាំងនាឡិកា G-SHOCK និង N.HOOLYWOOD សង្កត់ធ្ងន់លើលទ្ធភាពប្រើប្រាស់របស់វានៅក្នុងជីវិតប្រចាំថ្ងៃ”។ ភាពរឹងមាំ និងការរចនាប្លែកពីគេរបស់ G-SHOCK អនុញ្ញាតឱ្យអ្នកពាក់ធ្វើសកម្មភាពក្នុងជីវិតប្រចាំថ្ងៃដោយមិនខ្វល់ខ្វាយពីនាឡិការបស់ពួកគេឡើយ ដែលធ្វើឱ្យវាក្លាយជាដៃគូគួរឱ្យទុកចិត្តសម្រាប់ស្ថានភាពផ្សេងៗ។ ជាជម្រើសនាឡិកាដៃគួរឱ្យទុកចិត្តដែលមានឫសគល់នៅក្នុងរបៀបរស់នៅ នាឡិកា G-SHOCK គឺជាជម្រើសងាយស្រួលសម្រាប់មនុស្សពេញវ័យ។ ភាពរឹងមាំ គឺជាហេតុផលមួយដែលមនុស្សភាគច្រើនចូលចិត្តវា។

ម៉ូដែល G-SHOCK ត្រូវបានផលិតស្របជាមួយនឹងផ្ទៃរចនាសម្លៀកបំពាក់យោធាតាំងពីម៉ូដែលដំបូង។ ប្រដាប់ការពារមុខនាឡិកាបង្ហាញពីភាពរឹងមាំដោយការការរចនាភាគច្រើនមានជាពណ៌ខ្មៅដិត។ គួរឱ្យកត់សម្គាល់ ម៉ូដែលពណ៌ទឹកក្រូចឆ្នាំ 2019 ត្រូវបានបំផុសគំនិតដោយថ្នេរនៃអាវជិះយន្តហោះ MA-1 ខណៈពេលដែលម៉ូដែលពណ៌លឿងឆ្នាំ 2022 បង្ហាញពីការបំផុសគំនិតពីពណ៌នៃសញ្ញាសម្គាល់ពណ៌ទឹកសមុទ្រដែលប្រើក្នុងពេលមានអាសន្ននៅសមុទ្រ។ វិធីនិទានរឿងនេះដែលរួមបញ្ចូលជាមួយការរចនាបែបទំនើបគឺជាសញ្ញាសម្គាល់នៃរចនាប័ទ្មរបស់លោក Obana។
ការថតរូប. Tomoaki Shimoyama
សម្ភាសន៍ អត្ថបទ & កែសម្រួល។ Takuya Chiba Satoru Komura _THOUSAND


លោក Obana ពាក់ម៉ូដែលកិច្ចសហការចុងក្រោយបំផុតដែលរចនាជាមួយនឹងការរៀបចំពណ៌កាគីបែបកីឡា។ ខណៈពេលដែលនាឡិកា G-SHOCK ស័ក្ដិសមជាមួយនឹងអ្វីៗគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់អ្នកជំនួញរហូតដល់សម្លៀកបំពាក់តាមដងផ្លូវធម្មតា នាឡិកានេះគឺល្អឥតខ្ចោះសម្រាប់ការស្លៀកពាក់បែបយោធា។

ម៉ូដែល G-SHOCK ត្រូវបានផលិតស្របជាមួយនឹងផ្ទៃរចនាសម្លៀកបំពាក់យោធាតាំងពីម៉ូដែលដំបូង។ ប្រដាប់ការពារមុខនាឡិកាបង្ហាញពីភាពរឹងមាំដោយការការរចនាភាគច្រើនមានជាពណ៌ខ្មៅដិត។ គួរឱ្យកត់សម្គាល់ ម៉ូដែលពណ៌ទឹកក្រូចឆ្នាំ 2019 ត្រូវបានបំផុសគំនិតដោយថ្នេរនៃអាវជិះយន្តហោះ MA-1 ខណៈពេលដែលម៉ូដែលពណ៌លឿងឆ្នាំ 2022 បង្ហាញពីការបំផុសគំនិតពីពណ៌នៃសញ្ញាសម្គាល់ពណ៌ទឹកសមុទ្រដែលប្រើក្នុងពេលមានអាសន្ននៅសមុទ្រ។ វិធីនិទានរឿងនេះដែលរួមបញ្ចូលជាមួយការរចនាបែបទំនើបគឺជាសញ្ញាសម្គាល់នៃរចនាប័ទ្មរបស់លោក Obana។
ប្រវត្តិរូប.
លោក Daisuke Obana
អ្នករចនានៅពីក្រោយ N.HOOLYWOOD ជាម៉ាកដ៏ពេញនិយមមួយដែលបានបង្កើតឡើងក្នុងឆ្នាំ 2001។ ត្រូវបានគេស្គាល់ថាជាផលិតផលដែលមានគុណភាពខ្ពស់ពិតប្រាកដ ម៉ាកនេះបានទាក់ទាញការបំផុសគំនិតពីសម្លៀកបំពាក់បុរាណរចនាប័ទ្មយោធា និងធាតុផ្សេងៗទៀតដោយធ្វើបច្ចុប្បន្នភាពពួកវាសម្រាប់ម៉ូដសហសម័យ។ ម៉ាក N.HOOLYWOOD បានទទួលការទទួលស្គាល់ជាសាកល ហើយបាននិងកំពុងបង្ហាញបណ្ដុំរបស់ខ្លួននៅក្នុងទីក្រុងញូវយ៉កចាប់តាំងពីនិទាឃរដូវ ឬរដូវក្តៅឆ្នាំ 2011។
Instagram. @daisuke_obana