បច្ចេកវិទ្យាដែលត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់ការរចនាមុខនាឡិកាដ៏ទំនើប៖ សិប្បកម្មដែលបង្ហាញពី “មុខ” របស់នាឡិកា
ខ្សែស្រឡាយ MR-G មានឈ្មោះល្បីដោយសារភាពច្នៃប្រឌិតលើការរចនាមុខនាឡិការបស់វា។ មុខរបស់នាឡិកា MR-G នីមួយៗបង្ហាញពីអារម្មណ៍ចង់បានគុណភាពខ្ពស់ និងរូបរាងស្អាតដ៏ទំនើប។ MRG-B2100B រំលេចពីគោលគំនិតប្លែកពិសេសជាមួយនឹងការរចនាមុខនាឡិកាដែលបំផុសគំនិតដោយ kigumi ដែលជាសិល្បៈជាងឈើបែបប្រពៃណីរបស់ជប៉ុន។ យើងបានសុំឱ្យលោក Norifumi Ishiyama ដែលជាវិស្វករចាក់ពុម្ពនៅ Casio ដែលមានបទពិសោធច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យាសម្រាប់ការចាក់ពុម្ពសមាសភាគមុខនាឡិកា ប្រាប់យើងអំពីរបៀបដែល Casio ទទួលបានជោគជ័យខ្លាំងក្នុងការផលិតមុខនាឡិកាដែលមានគុណភាពប្រើបានយូរ។
ការបង្ហាញពីទស្សនៈសកលនៃសោភ័ណភាពបែបជប៉ុនតាមរយៈការរចនាមុខនាឡិកាដ៏សាំញ៉ាំ
គោលគំនិតរចនាសម្រាប់នាឡិកានេះត្រូវបានបំផុសគំនិតដោយ kigumi ដែលជាសិល្បៈជាងឈើបែបប្រពៃណីរបស់ជប៉ុន ដែលមិនប្រើប្រាស់ដែកគោល ឬគ្រឿងភ្ជាប់លោហៈផ្សេងទៀត។ ការរចនាមុខនាឡិកាពិសេសនេះផ្ដិតយកលក្ខណៈសំខាន់បំផុតនៃសោភ័ណភាពបែបជប៉ុនជាមួយនឹងលំនាំធរណីមាត្រដ៏ស្រស់ស្អាតដែលរំលឹកដល់ការងារក្រង។ រន្ធតូចៗដែលតម្រៀបជាប់គ្នាយ៉ាងល្អិតល្អន់មិនត្រឹមតែផ្ដល់នូវរូបរាងដ៏ទំនើបនៃផ្ទៃរចនាហ្មត់នោះទេ ប៉ុន្តែក៏អាចឱ្យពន្លឺចេញចូលបាន ដើម្បីបង្កើតថាមពលដល់មុខងារកម្រិតខ្ពស់របស់នាឡិកាផងដែរ។ ការរចនាមុខនាឡិកានេះបង្កប់នូវវត្ថុបំណងប្លែកពីគេរបស់ MR-G សម្រាប់សម្រស់នៃសោភ័ណភាព។
Norifumi Ishiyama
ផ្នែកវិស្វកម្មចាក់ពុម្ព នាយកដ្ឋានបច្ចេកវិទ្យាផលិតឧបករណ៍ប្លាស្ទិក
ការដោះស្រាយបញ្ហាប្រឈមនៃស្នាមតំណផ្សារ៖ ការសាកល្បងវិធីផ្សេងៗ ដើម្បីរកឃើញវិធីប្រកបដោយភាពច្នៃប្រឌិត
Kigumi គឺជាបច្ចេកទេសជាងឈើបែបប្រពៃណីដែលល្បីដោយសាររចនាសម្ព័ន្ធដ៏រឹងមាំ និងរូបរាងដ៏ស្រស់ស្អាត។ ដោយប្រើនៅក្នុងការសាងសង់ទីសក្ការបូជា និងប្រាសាទបុរាណនៅក្នុងប្រទេសជប៉ុន បច្ចេកទេសនេះត្រូវបានផ្ទេរពីជាងឈើស្ទាត់ជំនាញទៅជំនាន់ក្រោយចាប់តាំងពីសម័យ Nara នៅសតវត្សទី 8។ តើ Casio អាចកសាងរចនាសម្ព័័ន្ធដែលបំផុសគំនិតដោយ kigumi នៅក្នុងការរចនាមុខនាឡិកា MR-G ពិសេសនេះដោយរបៀបណា?
Norifumi Ishiyama ដែលជាវិស្វករមានចំណេះដឹងច្រើនអំពីបច្ចេកវិទ្យាចាក់ពុម្ពនៅ Casio បាននិយាយថា គាត់ដឹងភ្លាមៗអំពីផលលំបាកនៃការដាក់បញ្ចូលការរចនាដ៏ទំនើបនេះទៅក្នុងផលិតផលសម្រេច។
“ចាប់ពីពេលចាប់ផ្ដើម នៅពេលអ្នករចនាបានណែនាំខ្ញុំអំពីគោលគំនិតនេះ ខ្ញុំដឹងថាវាត្រូវការភាពប៉ិនប្រសប់ខ្លាំង ដើម្បីផលិតគ្រឿងនេះឱ្យមានភាពសាំញ៉ាំ។ ប៉ុន្តែបញ្ហាប្រឈមពិបាកៗមិនបានបញ្ឈប់ក្រុមអភិវឌ្ឍន៍របស់យើងពីមុនមកនោះទេ ដូច្នេះយើងមានសិទ្ធិធ្វើការលើវា ដោយកំណត់រកបញ្ហានានាដែលយើងត្រូវដោះស្រាយ មុនពេលផលិតនាឡិកានេះឱ្យចេញជារូបរាងជាក់ស្ដែង។ ឧបសគ្គធំទីមួយដែលយើងបានជួបគឺបញ្ហាស្នាមតំណផ្សារ”។
ជាទូទៅ សមាសភាគដែលផលិតដោយប្រើវិធីចាក់ពុម្ពដោយការចាក់បញ្ចូលច្រើនតែខូចទ្រង់ទ្រាយ ឬមានបញ្ហាផ្ទៃផ្សេងទៀត ទោះបីនៅពេលសមាសភាគទាំងនោះត្រូវបានផលិតយ៉ាងសាមញ្ញក៏ដោយ។ ប៉ុន្តែបច្ចេកវិទ្យាកម្រិតខ្ពស់ដែលជាកម្មសិទ្ធិរបស់ Yamagata Casio បានដោះស្រាយបញ្ហាទាំងនេះ ដោយផ្ដល់ជាទម្រង់ដ៏ស្រស់ស្អាតដែលមានវាយនភាពផ្ទៃដ៏ឥតខ្ចោះ។
ប៉ុន្តែ MRG-B2100 បង្កើតឱ្យមានបញ្ហាប្រឈមកម្រិតថ្មីមួយទៀត។ ដើម្បីចាក់ពុម្ពរន្ធតូចជាច្រើននៅក្នុងមុខនាឡិកាដែលបំផុសគំនិតដោយការងារក្រង គេត្រូវរក្សាឱ្យមានផ្ទៃរចនាស្មើសាច់ខ្លាំងនៅក្នុងដំណើរការចាក់ជ័រទៅក្នុងពុម្ព។ ឧបសគ្គទីមួយដែលយើងជួប គឺការដោះស្រាយបញ្ហាស្នាមតំណផ្សារ។ មានឈ្មោះម្យ៉ាងទៀតថា បន្ទាត់ឆ្កូត បញ្ហាទាំងនេះអាចលេចឡើងនៅពេលជ័រដែលរលាយហូរកកផ្ដុំ (នៅក្នុងដំណើរការចាក់ពុម្ពដោយការចាក់បញ្ចូល) ដោយបន្សល់ទុកនូវបន្ទាត់ដែលអាចមើលឃើញនៅលើផ្ទៃសម្រេច។
ជ័រអាចហូរក្នុងទិសដៅមួយដោយមិនបែកចេញពីគ្នា នៅពេលសណ្ឋាណដែលត្រូវចាក់ពុម្ពមិនមានរន្ធ ឬប្រហោងនៅក្នុងផ្ទៃ។ ប៉ុន្តែ មុខនាឡិកានេះដែលមានទម្រង់ការងារក្រងដ៏ស្មុគស្មាញរបស់វា រួមបញ្ចូលចំណុចជាច្រើនដែលលំហូរជ័រទំនងជាបែកចេញពីគ្នា និងកកផ្ដុំគ្នានៅអំឡុងពេលចាក់ពុម្ព។ ស្នាមតំណផ្សារ (ដែលអាចជះឥទ្ធិពលលើភាពស្មើសាច់នៃជ័រដែលបានចាក់បញ្ចូល និងបណ្ដាលឱ្យវាយនភាពផ្ទៃសម្រេចមានភាពរដិបរដុប) ពិតណាស់នឹងមិនអាចកើតឡើងលើស្រឡាយនាឡិកាកំពូល MR-G នោះទេ ដោយសារតែការប្ដេជ្ញាចិត្តឥតងាករេទៅលើបរាងដ៏ទំនើបដែលមានគុណភាពល្អបំផុត។
“ជាច្រើនខែបន្ទាប់ពីចាប់ផ្ដើមដំណើរការអភិវឌ្ឍន៍នេះ ខ្ញុំមានក្ដីបារម្ភលើបញ្ហាស្នាមតំណផ្សារនេះទាំងយប់ទាំងថ្ងៃ។ ខ្ញុំបានធ្វើការផលិតគំរូម្ដងហើយម្ដងទៀតដោយប្រើសូហ្វវែរវិភាគលំហូរ។ នៅអំឡុងដំណាក់កាលនេះ ខ្ញុំបានពិសោធន៍គំរូជាច្រើនសម្រាប់ប្រព័ន្ធនាំផ្លូវដែលជ័រហូរ និងបានធ្វើការកែតម្រូវបន្តិចបន្តួចលើទំហំបំពង់បង្ហូរ ឬចង្អូរដែលចាក់បញ្ចូលទៅក្នុងផ្លូវហូរ”។
ទោះបីជាខ្ញុំបានខិតខំធ្វើកិច្ចការទាំងអស់នេះក៏ដោយ នៅតែមានក្ដីបារម្ភថា នៅពេលចាក់ជ័រដែលរលាយពីទិសដៅច្រើន វានឹងកកផ្ដុំនៅក្នុងផ្លូវដែលស្ថិតនៅចំកណ្ដាលស៊េរីដ៏សាំញ៉ាំនៃចំណុចដែលហូរកាត់នៅក្នុងគំរូការងារក្រង ជាជាងហូរចេញដោយស្មើសាច់។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត កិច្ចខិតខំរបស់ក្រុមការងារក៏បានផ្ដល់ផល — ពួកគាត់បានពិចារណាលើដំណោះស្រាយដែលអាចស្រមៃឃើញនីមួយៗ ដោយគិតលើរយៈពេលនៃការចាក់បញ្ចូល និងកត្តាជាច្រើនផ្សេងទៀត ហើយបានរកឃើញវិធីមួយដើម្បីធានាគុណភាពដែលស័ក្ដិសមនឹងឈ្មោះ MR-G។
“ខ្ញុំមានការព្រួយបារម្ភខ្លាំង នៅពេលខ្ញុំព្យាយាមធ្វើការចាក់ពុម្ពជាក់ស្ដែងជាលើកដំបូង។ នៅពេលយើងចាប់ផ្ដើម ខ្ញុំពិតជាបារម្ភថា ទោះបីជាមានការផលិតគំរូ និងការកែតម្រូវទាំងអស់នេះក៏ដោយ វាក៏ប្រហែលជាមិនបានផលដដែល។ ប៉ុន្តែដំណើរការនេះទទួលបានជោគជ័យ! យើងបានយល់ច្បាស់ពីបញ្ហាប្រឈម ហើយវាជាពេលដ៏អស្ចារ្យ ដែលចុងក្រោយយើងបានឃើញពីភាពជោគជ័យ”។
ការផលិតគ្រោងមុខនាឡិកាដោយប្រើការចាក់ពុម្ពដោយការចាក់បញ្ចូល
ដំណើរការផលិតមុខនាឡិកាចាប់ផ្ដើមដោយប្រើបច្ចេកទេសចាក់ពុម្ពដោយការចាក់បញ្ចូល ដែលចាក់បញ្ចូលជ័ររលាយទៅក្នុងពុម្ព ហើយធ្វើឱ្យចុះត្រជាក់ ដើម្បីបង្កើតជាគ្រោងនាឡិកា។ មានការសាកល្បងវិធីផ្សេងៗជាច្រើននៅក្នុងដំណើរស្វែងរកវាយនភាពផ្ទៃស្មើសាច់ដ៏ស្រស់ស្អាត ដើម្បីសម្រេចបានគ្រោងមុខ kigumi សម្រាប់ MRG-B2100B។
ការចាក់ផ្ទៃបាចសាចលើគ្រឿងសម្គាល់ និងសមាសភាគផ្សេងទៀត
គ្រឿងសម្គាល់ត្រូវបានផលិតដាច់ដោយឡែក ហើយក៏ប្រើដំណើរការចាក់ពុម្ពដោយការចាក់បញ្ចូលផងដែរ។ សមាសភាគសំខាន់ៗទាំងនេះត្រូវបានបង្កើតនៅក្នុងពុម្ពដែលកាត់ដោយប្រើម៉ាស៊ីនមុតខ្លាំងដែលត្រឹមត្រូវតាមណាណូម៉ែត្រ (1 ប៊ីលានម៉ែត្រ)។ បន្ទាប់មក យើងប្រព្រឹត្តិកម្មសមាភាគទាំងនោះដោយប្រើដំណើរការបញ្ចេញចំហាយដែលហៅថាការសាចព្រួស ដើម្បីបង្កើតជាវាយនភាពលោហៈដ៏ស្រស់ស្អាត — សូម្បីនៅជ្រុងដ៏តូចៗបំផុតរបស់សមាសភាគនីមួយៗ តាមរយៈការចាក់ពុម្ពដែលមានភាពជាក់លាក់កម្រិតណាណូម៉ែត្រ។ ជំហាននីមួយៗនៃដំណើរការនេះត្រូវបានធ្វើឡើង ដើម្បីបំពេញចំណង់ចង់បានភាពប្រណិត និងភាពទំនើបសម្រាប់នាឡិកា MR-G។
ការរចនាមុខនាឡិកា Kigumi សម្រេចបានតាមរយៈការរួមបញ្ចូលគ្នាទាំងអស់
មុខនាឡិកាដ៏ខុសប្លែកពីគេនេះរំលេចនូវការរចនាដ៏ស្រស់ស្អាតដែលបង្ហាញអារម្មណ៍តាមរយៈការទុកឱ្យពន្លឺចូលពីខាងក្រៅ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការខាងក្នុងរបស់នាឡិកា។ ជំនាញផលិតដែលត្រូវការបានបង្ហាញពីបញ្ហារប្រឈមពិបាកគួរឱ្យកត់សម្គាល់។ វិស្វករ Casio ត្រូវអភិវឌ្ឍវិធីសាស្ត្រថ្មីៗនៃការចាក់ពុម្ពសមាសភាគដ៏សាំញ៉ាំដែលគ្មានស្នាមតំណផ្សារ។ លទ្ធផលនេះ (ដែលបញ្ជ្រាបដោយស្មារតីនៃបច្ចេកទេសជាងឈើបែបប្រពៃណីខ្លាំងរបស់ជប៉ុន) បង្ហាញពី “សោភ័ណភាពនៃភាពឆើតឆាយ”។
