Skip to content

សាច់រឿងស្ដីពី​ការ​អភិវឌ្ឍស៊េរី 2500 | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

សាច់រឿងស្ដីពី​ការ​អភិវឌ្ឍស៊េរី 2500

សាច់រឿងស្ដីពី​ការ​អភិវឌ្ឍ

ការរចនា និងវិស្វកម្មនៅពីក្រោយ
រូបរាងបែប Neo-Classic

ស៊េរី 2500 មិនមែនគ្រាន់តែជាម៉ូដែលថ្មីមួយបន្ថែមទៅក្នុងបណ្ដុំផលិតផល G-SHOCK ប៉ុណ្ណោះទេ។ ស៊េរីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យក្លាយជាម៉ូដែលសំខាន់មួយទៀតរបស់ម៉ាក រួមជាមួយម៉ូដែលល្បីៗដូចជា 5000, 6900, 110 និង 2100។ នាឡិកាបែប Neo-Classic ទាំងនេះបន្តរក្សាមរតកនៃម៉ូដែល DW-5000C ដើម ដោយនាំយកភាពទាក់ទាញបែបបុរាណមកបកស្រាយឡើងវិញ តាមរយៈការរចនាដែលទាន់សម័យ និងប្រើប្រព័ន្ធបង្ហាញម៉ោងបែបអាណាឡុកទាំងស្រុង។ 

រូបភាពគំនូរព្រាងនៃការរចនា ដែលបង្ហាញពីដំណើរការអភិវឌ្ឍតួនាឡិកា កងមុខ និងរចនាសម្ព័ន្ធខ្សែនាឡិការបស់ស៊េរី 2500។

ហេតុអ្វីបានជាយើងបង្កើតស៊េរី 2500?

ដំបូងឡើយ នាឡិកា G-SHOCK ប្រើប្រព័ន្ធបង្ហាញម៉ោងបែបឌីជីថល ហើយក្រោយមកក៏បានបន្ថែមម៉ូដែលដែលរួមបញ្ចូលប្រព័ន្ធបង្ហាញម៉ោងបែបអាណាឡុក និងឌីជីថល ដែលទាក់ទាញអ្នកគាំទ្រកាន់តែច្រើនប្រភេទ។

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សកាន់តែច្រើនចាប់ផ្ដើមជ្រើសរើសផលិតផលដោយផ្អែកលើគុណតម្លៃជាមូលដ្ឋានដែលអាចរក្សាបានយូរអង្វែង ជាជាងភាពថ្មីប្លែក ឬនិន្នាការដែលពេញនិយមត្រឹមមួយរយៈ។ ការផ្លាស់ប្ដូរនេះក៏អាចមើលឃើញក្នុងវិស័យនាឡិកាផងដែរ។ មនុស្សកាន់តែចាប់អារម្មណ៍លើការអានម៉ោងដ៏សាមញ្ញ ជាជាងការប្រើមុខងារជាច្រើន ព្រមទាំងឱ្យតម្លៃលើគំនិត និងរឿងរ៉ាវនៅពីក្រោយផលិតផលនីមួយៗ។

ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃតម្លៃ និងចំណូលចិត្តទាំងនេះ យើងបានពិនិត្យមើលម៉ូដែល DW-5000C ដើមឡើងវិញ។ យើងបានសន្និដ្ឋានថា ខ្លឹមសារសំខាន់របស់ G-SHOCK មិនមែនស្ថិតនៅលើផ្ទៃបង្ហាញម៉ោងឌីជីថលនោះទេ ប៉ុន្តែស្ថិតនៅលើទស្សនវិជ្ជានៃការរក្សាទុកតែអ្វីដែលចាំបាច់ ការប្ដេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍភាពធន់ និងសោភ័ណភាពដែលកើតចេញពីមុខងាររបស់ផលិតផល។

រូបភាពមើលពីខាងក្រោមនៅមុំទ្រេតនៃស៊េរី 2500 ដែលបង្ហាញពីផ្នែកខាងក្រៅធ្វើពីដែកអ៊ីណុក និងការរចនាខ្សែនាឡិកាដែលភ្ជាប់ជាមួយតួដោយរលូន។

ដោយផ្អែកលើគំនិតនេះ យើងបានចាប់ផ្ដើមបង្កើតនាឡិកាអាណាឡុកដ៏សាមញ្ញមួយ ដោយគ្មានផ្ទៃបង្ហាញម៉ោងឌីជីថល ប៉ុន្តែអាចបង្ហាញពីគោលការណ៍ដែលបានកំណត់អត្តសញ្ញាណរបស់ G-SHOCK អស់រយៈពេលជាយូរមកហើយ។

សម្រាប់ម៉ាកដែលតែងតែបន្តវិវឌ្ឍ ការបង្កើតនាឡិកាអាណាឡុកតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប ក្រុមអភិវឌ្ឍន៍បានចាប់ផ្ដើមស្វែងរកលទ្ធភាពថ្មីៗក្នុងការផលិតនាឡិកាអាណាឡុក។ គម្រោងនេះក៏ជាឱកាសមួយសម្រាប់ពង្រីកព្រំដែននៃការអភិវឌ្ឍ G-SHOCK ផ្ទាល់ផងដែរ។

រូបភាព G-SHOCK GAC-2500
រូបភាព G-SHOCK GW-5600

ចំណុចស្នូលនៃគម្រោងនេះ គឺការអភិវឌ្ឍយន្តការនាឡិកាថ្មីទាំងស្រុង ដែលអាចផ្ដល់មុខងារដែលជាទូទៅមាននៅលើនាឡិកាឌីជីថល ប៉ុន្តែបង្ហាញព័ត៌មានតាមរយៈប្រព័ន្ធអាណាឡុក។ មុខងារទាំងនេះរួមមាន ផ្ទាំងបង្ហាញនាឡិកាកំណត់ពេលតាមរយៈថាសបង្វិល និងប្រតិទិនស្វ័យប្រវត្តិពេញលេញ។ ការបង្កើតយន្តការនាឡិកានេះឱ្យបានសម្រេច គឺជាកម្លាំងជំរុញដ៏សំខាន់មួយនៅពីក្រោយការបង្កើតស៊េរី 2500។

ជាមួយនឹងរូបរាងបែប Neo-Classic ដែលត្រូវបានរចនាឡើងសម្រាប់ពាក់ និងរក្សាទុកជាទីស្រឡាញ់អស់រយៈពេលជាច្រើនឆ្នាំ ដោយមិនប្រកាន់អាយុ ភេទ ឬស្ទីលផ្ទាល់ខ្លួន ស៊េរី 2500 ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់យើងក្នុងការបង្កើតស្តង់ដាថ្មីសម្រាប់នាឡិកា សម្រាប់អ្នកដែលឱ្យតម្លៃលើគុណសម្បត្តិដែលមិនចេះហួសសម័យ។

ខាងក្រោមនេះ យើងនឹងពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅអំពីគំនិត និងការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត ដែលបានចូលរួមក្នុងការរចនា និងវិស្វកម្មស៊េរី 2500។

ការរចនា

ការរចនា

ការបកស្រាយឡើងវិញនូវការរចនា G-SHOCK ដើម ជានាឡិកាអាណាឡុកទាំងស្រុងដែលមានរូបរាងទាន់សម័យ

ការរចនានេះទទួលបានការបំផុសគំនិតពី DW-5000C ដែលជានាឡិកា G-SHOCK ដំបូងបង្អស់។ កងមុខនាឡិការាងប្រាំបីជ្រុង រូបរាងប្លែករបស់កញ្ចក់ដែលមានគែមខាងលើ និងខាងក្រោមរាបស្មើ ព្រមទាំងភាពស្រស់ស្អាតនៃមុខងារដែលត្រូវបានកែលម្អយ៉ាងល្អិតល្អន់ សុទ្ធតែជាចំណុចចាប់ផ្ដើមនៃការរចនានេះ។ ដោយបន្តអភិវឌ្ឍលើមរតកនៃការរចនានេះ ក្រុមអភិវឌ្ឍន៍បានខិតខំបង្កើតការរចនាថ្មីទាំងស្រុង ដែលអាចមានអត្តសញ្ញាណផ្ទាល់ខ្លួន ក្នុងនាមជានាឡិកាអាណាឡុកទាំងស្រុង។

រូបភាពបង្ហាញគំនិតនៃការរចនា ដែលបង្ហាញពីសមាមាត្រដ៏ល្អប្រណីត និងផ្ទៃលោហៈដែលមានរាងកោងបង្កើតជាទម្រង់របស់ស៊េរី 2500។

គំនិតរចនា “Depth in Shadow (ជម្រៅក្នុងស្រមោល)” បាននាំចក្ខុវិស័យនេះឱ្យក្លាយជាការពិត។ ផ្ទៃបង្ហាញម៉ោងអាណាឡូកដ៏សាមញ្ញ និងពេញលេញនេះ មានផ្ទៃបង្ហាញវិនាទីតូចនៅទីតាំងម៉ោង 9 និងផ្ទៃបង្ហាញកាលបរិច្ឆេទពហុមុខងារ នៅទីតាំងម៉ោង 3 បង្កើតបានជាប្លង់រចនាបែបភ្នែកពីរដ៏ប្លែក។ ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើជម្រៅនៃផ្ទៃបង្ហាញរងដែលលិចចូលទៅក្នុងតួ រូបរាងផ្ទាំងបង្ហាញកាលបរិច្ឆេទ និងកម្ពស់ខុសៗគ្នារបស់សញ្ញាសម្គាល់ម៉ោង និងសញ្ញាសម្គាល់នាទី បង្កើតអារម្មណ៍នៃជម្រៅ តាមរយៈភាពផ្ទុយគ្នាដ៏ទាក់ទាញរវាងពន្លឺ និងស្រមោល។

ការដាក់ប្រសព្វគ្នារវាងពន្លឺ និងស្រមោល ក៏ជួយឱ្យព័ត៌មានលម្អិតនៅលើផ្ទៃនាឡិកាលេចធ្លោ និងអាចមើលឃើញកាន់តែច្បាស់ផងដែរ។ ទ្រនិចម៉ោង និងទ្រនិចនាទីត្រូវបានពង្រីកឱ្យធំជាងមុន ដើម្បីឱ្យអ្នកពាក់អាចអានម៉ោងបានយ៉ាងងាយស្រួលដោយគ្រាន់តែក្រឡេកមើលមួយភ្លែត។ ចុងទ្រនិចដែលលាតសន្ធឹងទៅខាងក្រោយត្រូវបានធ្វើឱ្យខ្លីជាងធម្មតា ដើម្បីកាត់បន្ថយការបាំងគ្នាជាមួយផ្ទៃបង្ហាញរង ដែលទន្ទឹមនឹងនេះដែរ ការរចនាទ្រនិចទាំងមូលជួយរក្សាឱ្យផ្ទៃបង្ហាញរង និងផ្ទាំងបង្ហាញកាលបរិច្ឆេទមើលឃើញបានច្បាស់។

រូបភាពបំបែកផ្នែកនាឡិកាចេញពីគ្នា ដែលបង្ហាញពីរចនាសម្ព័ន្ធជាស្រទាប់ និងធាតុរចនាដែលបង្កើតជាស្រមោលនៅក្នុងស៊េរី 2500។
រូបភាពជិតនៃផ្ទៃបង្ហាញម៉ោងមុខនាឡិកា និងកងមុខនាឡិកា ដែលបង្ហាញពីជម្រៅដែលកើតចេញពីពន្លឺ និងស្រមោល។

ផ្ទៃបង្ហាញវិនាទីតូចនៅទីតាំងម៉ោង 9 បង្ហាញពីទស្សនវិជ្ជារចនារបស់ស៊េរី 2500។ ការស្វែងរកវិធីបង្ហាញវិនាទី ដែលជាឯកតាមូលដ្ឋាននៃពេលវេលា បាននាំឱ្យមានការបង្កើតផ្ទៃបង្ហាញរងដាច់ដោយឡែក ដែលមានតួនាទីបង្ហាញវិនាទីតែមួយគត់។ ចុងទ្រនិចវិនាទីមានលំនាំដែលទទួលបានការបំផុសគំនិតពីសញ្ញា Shock Resist (ធន់នឹងការប៉ះទង្គិច) ដែលជានិមិត្តរូបនៃមរតករបស់ G-SHOCK។ នៅពេលវិនាទីនីមួយៗកន្លងផុតទៅ ទ្រនិចផ្លាស់ទីដូចចង្វាក់បេះដូង ដោយរំឭកឱ្យឃើញជានិច្ចពីភាពធន់នឹងការប៉ះទង្គិចដ៏យូរអង្វែងរបស់នាឡិកា។

រូបភាពស្រមោលផ្នែកខាងមុខនៃស៊េរី 2500 ដែលបង្ហាញពីទម្រង់ធរណីមាត្រ និងផ្ទៃលោហៈពណ៌ងងឹត។

លក្ខណៈពិសេសសំខាន់មួយទៀតរបស់ស៊េរី 2500 គឺសមាមាត្រដ៏តូចល្មម ដែលសម្រេចបានតាមរយៈការរួមបញ្ចូលបច្ចេកវិទ្យា និងការរចនា ដោយនៅតែរក្សាបាននូវសមត្ថភាពដែលរំពឹងទុកពី G-SHOCK។ ដើម្បីឱ្យនាឡិកាពាក់បានស្រួល និងមានអារម្មណ៍សមស្របតាមធម្មជាតិក្នុងស្ថានភាពផ្សេងៗ គ្រប់ព័ត៌មានលម្អិតត្រូវបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ចាប់ពីវិមាត្ររួម អង្កត់ផ្ចិតរបស់កងមុខនាឡិកា និងកញ្ចក់ រហូតដល់ផ្ទៃដែលមានកម្ពស់ជាជំហានៗ និងខ្សែបន្ទាត់ដែលបន្តពីក្បាលឡោស៊ីទៅកាន់ខ្សែនាឡិកា។ លទ្ធផលគឺការរចនាដែលមានតុល្យភាពល្អ និងមើលទៅតូចល្មមនៅពេលពាក់លើកដៃ។

រូបភាពស្រមោលផ្នែកខាងមុខនៃស៊េរី 2500 ដែលបង្ហាញពីទម្រង់ធរណីមាត្រ និងផ្ទៃលោហៈពណ៌ងងឹត។

ខណៈពេលដែលរក្សាការរចនារាងប្រាំបីជ្រុងបែបប្រពៃណី តួ​នាឡិកាត្រូវបានរចនាឡើងឱ្យសមនឹងកដៃយ៉ាងស្រួល និងមានលក្ខណៈធម្មជាតិ។ ខ្សែកោងដែលមានភាពតឹងណែន និងរាងកោងបែបចម្លាក់របស់វា បង្កឱ្យនឹកឃើញដល់មួកសុវត្ថិភាព និងគ្រឿងសឹក ដែលបង្កើតបានជាស្រទាប់ការពារខាងក្រៅដ៏រឹងមាំ។ ការរចនានេះរួមបញ្ចូលគ្នានូវចំណុចកណ្ដាលទំនាញទាប រចនាសម្ព័ន្ធរឹងមាំ និងមានស្ថិរភាព ជាមួយនឹងការរចនាមានទម្ងន់ស្រាល ដែលស័ក្តិសមសម្រាប់ចលនារហ័ស។ ខ្សែកោងដែលហូរបន្តគ្នានៃតួដែលបង្កើតជាផ្នែកតែមួយ បង្កើតការប្រសព្វគ្នារវាងពន្លឺ និងស្រមោលយ៉ាងសម្បូរបែប។

រូបភាពជិតលម្អិតនៃគែមកងមុខនាឡិកា និងបច្ចេកទេសចាក់ផ្ទៃលោហៈដែលប្រើក្នុងស៊េរី 2500។

លក្ខណៈពិសេសកំណត់អត្តសញ្ញាណមួយទៀតរបស់ស៊េរី 2500 គឺមានផ្ទៃខុសៗគ្នារបស់តួជ័រ និងតួដែលគ្របដោយលោហៈ។ តាមទម្លាប់ ម៉ូដែលតួជ័រត្រូវបានអភិវឌ្ឍជាមុនសិន ហើយបន្ទាប់មកទើបបង្កើតជាម៉ូដែលលោហៈ។ ប៉ុន្តែសម្រាប់ស៊េរី 2500 ម៉ូដែលទាំងពីរត្រូវបានអភិវឌ្ឍក្នុងពេលតែមួយ ដើម្បីផ្ដល់ជម្រើសកាន់តែច្រើន និងជួយឱ្យមនុស្សកាន់តែច្រើនអាចស្វែងរកនាឡិកាដែលសមស្របសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន។

ម៉ូដែលតួជ័រមានគែមដែលត្រូវបានធ្វើឱ្យមូលទន់បន្តិច ដើម្បីបង្កើតរូបរាងស្រាល និងសាមញ្ញជាងមុន។ ចំណែកម៉ូដែលដែលគ្របដោយលោហៈ ផ្ដោតលើគែមស្អាត និងផ្ទៃរលោង ដើម្បីបង្កើតរូបរាងមុតស្រួច និងមានភាពរឹងមាំ។ ទោះបីជាមានគំនិតរចនាដូចគ្នាក៏ដោយ សម្ភារៈខុសៗគ្នាផ្ដល់អត្តសញ្ញាណពិសេសរៀងៗខ្លួនដល់ម៉ូដែលនីមួយៗ។ គោលបំណងគឺដើម្បីជួយឱ្យម្ចាស់នាឡិកាម្នាក់ៗអាចស្វែងរកនាឡិកាដែលត្រូវនឹងចំណូលចិត្តរបស់ខ្លួន។

រូបភាពមើលពីចំហៀងនៃស៊េរី 2500 ដែលបង្ហាញពីការភ្ជាប់គ្នាយ៉ាងរលូនរវាងតួ និងខ្សែនាឡិកា។

ផ្ទៃបង្ហាញម៉ោងក៏មានភាពខុសគ្នារវាងម៉ូដែលតួជ័រ និងម៉ូដែលដែលគ្របដោយលោហៈផងដែរ។ GAC-2500 ដែលមានតួជ័រ ប្រើផ្ទៃបង្ហាញម៉ោងធ្វើពីជ័រ ដើម្បីរក្សារូបរាងស្រាល និងបែបស្ព័រ ដោយមានសញ្ញាសម្គាល់ម៉ោង និងសញ្ញាសម្គាល់នាទីដែលលេចឡើងខ្ពស់ជាងផ្ទៃ បន្ថែមទាំងភាពងាយស្រួលក្នុងការអាន និងអារម្មណ៍នៃជម្រៅ។ ចំណែក GMC-2500 ដែលគ្របដោយលោហៈ ប្រើផ្ទៃបង្ហាញម៉ោងធ្វើពីលង្ហិន ជាមួយនឹងផ្ទៃបែបកាំរស្មីព្រះអាទិត្យ ឬផ្ទៃដុសឱ្យមានសភាពម៉ដ្ឋ វាផ្ដល់រូបរាងដ៏ប្រណីត ស្រទន់ជាងមុន ព្រមទាំងបង្កើតការប្រែប្រួលតិចតួចនៃរបៀបដែលផ្ទៃលោហៈចាំងពន្លឺ។

បច្ចេកវិទ្យា

បច្ចេកវិទ្យា

យន្តការនាឡិកាអាណាឡុកដែលរចនាឡើងជាពិសេស និងបង្ហាញពីស្មារតីរបស់ G-SHOCK

ដើម្បីបង្កើតនាឡិកាអាណាឡុកទាំងស្រុងម៉ូដែលថ្មីនេះ យន្តការនាឡិកាថ្មីទាំងស្រុងត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់ស៊េរី 2500។ គ្រឿងបន្លាស់នានាត្រូវបានរៀបចំយ៉ាងក្រាស់ណែន ដើម្បីឱ្យតួ​នាឡិកាមានទំហំតូចល្មម និងអាចពាក់បានស្រួលពេញមួយថ្ងៃ។ យន្តការនាឡិកានេះត្រូវបានផលិតនៅរោងចក្រ Yamagata Casio ដែលជា “រោងចក្រមេ” របស់ G-SHOCK។ នៅទីនោះ ក៏មានការបង្កើតខ្សែសង្វាក់ផលិតកម្មថ្មីមួយផងដែរ ដោយបំពាក់ប្រព័ន្ធសម្គាល់រូបភាព និងបច្ចេកវិទ្យាចាប់សញ្ញាដែលត្រូវបានរៀបចំឡើងជាពិសេស។ 

លក្ខណៈពិសេសសំខាន់មួយរបស់យន្តការថ្មីនេះ គឺមុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ ដែលជាមុខងារដំបូងគេរបស់ G-SHOCK។ តាមរយៈការគ្រប់គ្រងកង់បង្ហាញកាលបរិច្ឆេទដោយឡែកពីគ្នា បច្ចេកវិទ្យានេះអនុញ្ញាតឱ្យផ្ទៃបង្ហាញតែមួយអាចបំពេញមុខងារបានច្រើន។

រូបភាពគ្រឿងបន្លាស់ខាងក្នុងនៃម៉ូឌុលដែលត្រូវបានអភិវឌ្ឍសម្រាប់ស៊េរី 2500 ដែលបង្ហាញពីរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចក្នុងទំហំតូច។

ផ្ទាំងបង្ហាញកាលបរិច្ឆេទដែលមានបីផ្នែក នៅទីតាំងម៉ោង 3 អាចបំពេញមុខងារច្រើន ដោយបង្ហាញកាលបរិច្ឆេទ មុខងារដែលបានជ្រើសរើស ចំនួននាទីដែលកន្លងផុតទៅនៅលើនាឡិកាកំណត់ពេល និងព័ត៌មានសម្រាប់ការកំណត់ផ្សេងៗ។ នៅពេលដំណើរការមុខងារចាប់ម៉ោង ផ្ទៃបង្ហាញវិនាទីតូចនឹងបង្ហាញវិនាទី ខណៈដែលផ្ទាំងកាលបរិច្ឆេទបង្ហាញនាទី។ វាអាចវាស់ និងបង្ហាញរយៈពេលដែលកន្លងផុតទៅបានរហូតដល់ 30 នាទី។

លើស ពីនេះ ការកំណត់ឆ្នាំ ខែ និងថ្ងៃតាមរយៈមុខងារបង្ហាញកាលបរិច្ឆេទពហុមុខងារ អនុញ្ញាតឱ្យនាឡិកាអាណាឡុកទាំងស្រុងនេះមានប្រតិទិនស្វ័យប្រវត្តិពេញលេញ។ ដូច្នេះ មិនចាំបាច់កែតម្រូវកាលបរិច្ឆេទដោយដៃនៅចុងខែនីមួយៗទៀតទេ រួមទាំងឆ្នាំបង្គ្រប់ផងដែរ។ 

លក្ខណៈពិសេសសំខាន់មួយទៀត គឺរចនាសម្ព័ន្ធទប់ទ្រនិចដោយកម្លាំងម៉ាញេទិច ដែលប្រើសម្រាប់ទ្រនិចនាទី។ ជំនួសឱ្យការភ្ជាប់ទ្រនិចដោយផ្ទាល់ទៅនឹងអ័ក្ស ទ្រនិចនាទីត្រូវបានទប់នៅនឹងកន្លែងដោយកម្លាំងម៉ាញេទិច ដែលអាចជួយស្រូប និងបញ្ចេញកម្លាំងពីការប៉ះទង្គិចបានយ៉ាងមានប្រសិទ្ធភាព។ រចនាសម្ព័ន្ធនេះក៏អនុញ្ញាតឱ្យប្រើទ្រនិចដែលមានទំហំធំជាងមុន និងផ្ដល់នូវភាពបត់បែនកាន់តែច្រើនក្នុងការរចនាផងដែរ។ នៅក្នុងស៊េរី 2500 គុណសម្បត្តិទាំងនេះត្រូវបានបង្ហាញតាមរយៈរូបរាងទ្រនិចដែលមានតុល្យភាពល្អ និងផ្ដល់ភាពងាយស្រួលក្នុងការអានម៉ោង។

រូបភាពជិតនៃធាតុសញ្ញាបង្ហាញម៉ោងធ្វើពីលោហៈ ដែលបង្ហាញពីភាពជាក់លាក់ក្នុងការផលិត និងការរចនាវិមាត្រ។

ទ្រនិចវិនាទីតូចនៅទីតាំងម៉ោង 9 ក៏មានមុខងារផ្អាកទ្រនិចវិនាទីផងដែរ។ អាចបញ្ឈប់ចលនារបស់ទ្រនិចនេះនៅពេលមិនចាំបាច់ប្រើ ដើម្បីជួយសន្សំថាមពលថ្ម។ ក្រោមការប្រើប្រាស់ធម្មតា អាយុកាលថ្មមានប្រហែលពីរឆ្នាំ ប៉ុន្តែការរក្សាទ្រនិចវិនាទីឱ្យស្ថិតក្នុងស្ថានភាពផ្អាក អាចជួយពន្យារអាយុកាលថ្មរហូតដល់ប្រហែលប្រាំឆ្នាំ។

Select a location